Podcast: Play in new window | Download

អត្ថាធិប្បាយអំពីរឿង អន្ទិតគោលោត ដោយប្លុក ឈូកខ្មែរ៖
និយមន័យៈ អ្នកដែលសឹកពីបួស តែជាមនុស្សកញ្ឆោត និងឡើងជំនោរដោយស្រីៗបញ្ជោរ ។
ពំនោលនេះ គឺជាពាក្យបង្អាប់ចំពោះអ្នកដែលសឹកពីបួសតែឆោត ជាពិសេស គឺស៊ីខ្សែជោរនឹងស្រីៗ ។ អន្ទិតនោះ ស្រីៗបញ្ឆោត និងបញ្ជោរបានដោយងាយបំផុត ។ ដូចមានរឿងដំណាលថា ៖
មានអន្ទិតម្នាក់ទើបសឹកពីបួសមកធ្វើចម្ការដាំពោត ។ នៅពេលដែលពោតកំពុងពេញសាច់ ក៏មានស្ត្រីក្រមុំរូបស្រស់ម្នាក់មកញ៉េះញ៉ោះលែបខាយពាក្យសម្ដីនិយាយថា លោកបងអើយ លក់ពោតក្នុងចម្ការនេះឲ្យខ្ញុំសិនមក ។ ចាំសណ្តែកខ្ញុំទុំ ខ្ញុំលក់យកលុយសងលោកបងឯងវិញ ។ អ្នកអន្ទិតនោះក៏ព្រមលក់ជឿឲ្យនាងនោះទៅ ។ លុះដល់នាងនោះច្រូតសណ្តែកលក់ នាងនោះនិយាយទៀតថា លោកបងអើយ សណ្តែកខ្ញុំស្កកច្រើនណាស់ មកពីខ្ញុំជាស្រីមិនសូវចេះធ្វើចម្ការ មិនដូចលោកបងឯង ជាប្រុសប៉ិនធ្វើចម្ការយ៉ាងចំណាប់គួរឲ្យស្រលាញ់ នាងណាបានលោកបងឯងធ្វើប្ដី ពិតជាមានសំណាងធំហើយ ។ ដោយស៊ីខ្សែជោរស្រាប់ អន្ទិតនោះក៏នៅស្ងៀមជាសញ្ញាយល់ព្រម ។ ក្រោយមក គេឥតបានលុយថ្លៃពោតនោះសោះ ។
អ្នកផងទាំងពួង កាលបើបានដឹងរឿងនេះហើយ ក៏នាំគ្នាសើចចំអក និងបង្អាប់ថា អន្ទិតគោលោតអើយ អីក៏ឆោតល្ងង់ម៉្លេះ ។ ចាប់តាំងពីថ្ងៃនោះមក ពាក្យថា អន្ទិតគោលោត ក៏ចាប់ឮជារហូតមក ។ បន្ទាប់មកបុរាណាចារ្យក៏ចងជាពាក្យស្លោកថា «អន្ទិតគោលោត ឲ្យស្រីបញ្ឆោត អស់ពោតមួយចម្ការ» (ពាក្យស្លោកវចនានុក្រមខ្មែរ) ។

